អភិបាលស្រុកព្រះស្តេច បំផុសការស្រលាញ់បរិស្ថាន ដឹកនាំមន្ត្រី និងសិស្សានុសិស្សសិស្សនៃវិទ្យាល័យ ហ៊ុន សែន តាគោកធ្វើយុទ្ធនាការអនាម័យ ដើម្បីបរិស្ថានស្អាត!

0

 

(ព្រៃវែង)៖ លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្តេច បានដឹកនាំមអភិបាលរងស្រុក នាយក នាយករងរដ្ឋបាលស្រុក ប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យចំណុះរដ្ឋបាលស្រុក កងកម្លាំងគណៈបញ្ជាការឯកភាពស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ និងមេភូមិ ទូទាំងស្រុក ព្រមទាំងសិស្សានុសិស្ស យុវជនកាកបាទក្រហម ក៏ដូចជាយុវជនសហភាពសហព័ន្ធកម្ពុជា ចុះសម្អាតបរិស្ថាន និងរើសសំរាម នៅតាមដងផ្លូវនានា ពិសេសគឺតាមដងផ្លូវជាតិលេខ១ និងតំបន់ទីផ្សារ ទូទាំងស្រុក។

សកម្មភាពសម្អាតបរិស្ថាននេះ បានធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ ខណៈលោកអភិបាលស្រុក បានបំផុសឱ្យមានការស្រលាញ់ និងចូលរួមថែទាំបរិស្ថានឲ្យល្អស្អាតជានិច្ច។

ស្ថិតក្នុងឱកាសនេះ លោកអភិបាលស្រុកស្រុកព្រះស្តេច បានលើកឡើងថា សំរាមគឺជាបញ្ហាប្រឈមចំពោះមុខរបស់ស្រុកព្រះស្តេច ដែលត្រូវដោះស្រាយជាប្រចាំ និងដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ សំរាមបាននាំមកនូវផលប៉ះពាល់ធ្ងន់ធ្ងរណាស់ ដល់សោភ័ណ្ឌភាពបរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋជាដើម។

លោកបានបន្តថា ចាប់តាំងពីឡើងកាន់តំណែងជាអភិបាលស្រុក បញ្ហាសំខាន់ទី១ដែលលោកត្រូវធ្វើ គឺបញ្ហាសំរាមនេះតែម្តង ដោយលោកបានចែកធុងសំរាមធុង និងឡដុតសំរាម តាមទីសាធារណៈ និងសាលារៀនផងដែរ។

លោកអភិបាលស្រុក បានបន្តទៀតថា «ថ្ងៃនេះយើងបានគៀរគរឲ្យមានការចូលរួមយ៉ាងច្រើនកុះករពីគ្រប់មជ្ឈដ្ឋាន ទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ ជាពិសេសគឺយុវជន សសយក យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ ក្នុងបំណងអប់រំ ផ្ញើសារ ក៏ដូចជាងដាស់តឿនយុវជនដែលជាទំពាំងស្នងឬស្សី ជាកោសិកាមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ ប្រទេសជាតិក៏ដូចជា ស្រុក-ភូមិ របស់យើងទាំងអស់គ្នា និងបំផុសទឹកចិត្តឲ្យពួកគាត់ចូលរួមយ៉ាងសកម្មសម្អាតបរិស្ថានឲ្យបានជាប្រចាំ ក៏ដូចជាបង្ហាញដល់មហាជន ឲ្យគាត់បានយល់ដឹងអំពីផលប៉ះពាល់នៃសំរាម បញ្ហាបរិស្ថាន និងជំរុញឲ្យចូលរួមទាំងអស់គ្នាដើម្បីសម្រេចនូវគោលបំណងរួមមួយគឺ៖ រួមគ្នាដើម្បីស្រុកយើងស្អាត»។

គួរជម្រាបថា ស្រុកព្រះស្តេច គឺជាស្រុកដែលមានសក្តានុពលទាំងបរិស្ថាន កសិកម្ម ឧស្សាហកម្ម រមណីយដ្ឋាន ទីប្រជុំជន និងជាច្រកសេដ្ឋកិច្ចដ៏សកម្ម។ ក្នុងនោះការចល័ត ធ្វើដំណើរនៅតាមដងផ្លូវដ៏មមារញឹកនេះ នៅតាមបណ្តាយផ្លូវជាតិលេខ១ ដែលកំប៉ុងផ្លាស្ទិក ត្រូវបានបោះចោលពាស់វាលពាស់កាលជារៀងរាល់ថ្ងៃ ដូច្នេះយើងតែត្រូវមកចូលរួមថែទាំបរិស្ថានទាំងអស់គ្នាទើបល្អប្រសើរ៕

Leave A Reply

Your email address will not be published.