បណ្ឌិត ហ៊ុន ម៉ាណែត រៀបចំពិសាអាហារសាមគ្គី ជាមួយថា្នក់ដឹកនាំសហជីព!

0

ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណចំពោះប្រធានសហភាពសហជីព សហព័ន្ធសហជីព និងសមាគម ដែលធ្វើការងារពាក់ព័ន្ធជាមួយសេដ្ឋកិច្ចទាំងក្នុង និង ក្រៅប្រព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារយ៉ាងល្អក្នុងការផ្តល់ការគាំពារ ដើម្បីការពារសិទ្ធិ និង អត្ថប្រយោជន៍ជូនដល់ កម្មករ-និយោជិត ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការងារគណបក្ស និង ការងារសង្គម ជាពិសេសក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ទន្ទឹមនឹងនេះ ឯកឧត្តមបានកោតសរសើរចំពោះគណៈចលនាសហជីព និងស្ថាប័ន-អង្គភាពចំណុះ រួមទាំងក្រុមការងារគ្រប់យន្តការ ក៏ដូចជាសកម្មជនគណបក្សទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រកបដោយសុឆន្ទៈ ភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចយ៉ាងសកម្ម ស្របតាមទិសដៅការងារ និងតួនាទី ដែលគណបក្សថ្នាក់លើបានប្រគល់ជូននាពេលកន្លងមក ។ សកម្មភាព​ និង កាយវិការដ៏ប្រពៃនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលតែងតែបានខិតខំ និង បន្តយកចិត្តទុកដាក់ធានាបាននូវបរិយាកាសការងារ និង មុខរបរ ឱ្យកាន់តែមានភាពអំណោយផល និង ភាពទូលំទូលាយទាំងបរិមាណ និង គុណភាព ព្រមទាំងធានាធ្វើយ៉ាងណាឱ្យប្រជាជនមានភាពរីកចម្រើនទាំងលើលំនឹងការងារ ប្រាក់បៀវត្សរ៍ ការការពារសិទ្ធិសេរីភាព និងកិច្ចគាំពារសុខុមាលភាពនានា។

បើតាមឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដំណើរជីវិតរបស់គណបក្សប្រជាជនកម្ពុជា មានទាំងសមាសធាតុចាស់ និង សមាសធាតុថ្មី ដែលកំពុងនៅលាយឡំជាមួយគ្នា ។ អ្វីដែលជាសមាសធាតុចាស់ គឺបុព្វហេតុដើម្បីជាតិ និងប្រជាជន ដែលគណបក្សប្រកាន់យកតាំងពីការបង្កើតគណបក្សដំបូងនៅក្នុងឆ្នាំ១៩៥១ ហើយក៏នឹងបន្តជានិច្ចនិរន្តន៍ទៅមុខទៀត។

ឯកឧត្តមបន្ថែមថា ដោយឡែក អ្វីដែលសមាសធាតុថ្មី គឺដំណើរការនៃការកែទម្រង់ និង ការកែលម្អនូវប្រសិទ្ធភាពការងារជាប់ជាប្រចាំ សំដៅធ្វើយ៉ាងណាធានាឱ្យបាននូវវឌ្ឍនភាពសង្គម, ការរីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ច និង ជីវភាពកាន់តែប្រសើរឡើងរបស់ប្រជាជន ក៏ដូចជាការផ្តល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាងជូនប្រជាជន ក្រោមបរិយាកាសនៃសុខសន្តិភាព ស្ថិរភាព និង ក្នុងក្របខណ្ឌនៃសង្គមប្រជាធិបតេយ្យ ផ្អែកលើគោលការណ៍នីតិរដ្ឋ ។ ឯកឧត្តមបណ្ឌិតបញ្ជាក់ថា «ក្នុងន័យនេះ, គណបក្សប្រជាជនកម្ពុជា បានផ្សារសាច់ផ្សារឈាមជាមួយកម្មករ-និយោជិត ជាប់ជាប្រចាំតាំងពីដើមរៀងមក តាមយន្តការភ្លៀងរលឹម ដោយយកចិត្តទុកដាក់ដោះស្រាយការលំបាកគ្រប់បែបយ៉ាង ដើម្បីផ្តល់នូវកិច្ចគាំពារ ការពារសិទ្ធិ និងអត្ថប្រយោជន៍ ឱ្យកាន់តែច្រើន និងប្រសើរ ជូនដល់កម្មករ-និយោជិតរបស់យើង បង្កើតនូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ បង្កឱ្យមានភាពស្រុះស្រួលគ្នា និងភាពអាចទទួលយកបាន ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់»។

ឯកឧត្តមបន្តថា សម្តេចតេជោ តែងតែគិតគូរគ្រប់ជ្រុងជ្រោយ និងល្អិតល្អន់ សំដៅធ្វើយ៉ាងណារៀបចំការផ្តល់អត្ថប្រយោជន៍ ឱ្យបានច្រើន និង ជាអតិបរមា ជូនដល់បងប្អូនកម្មករ-និយោជិត ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង ក្រៅប្រព័ន្ធ ។ ការគិតគូរមិនឈប់ឈរបែបនេះ ប្រៀបបានទៅនឹងឪពុកបង្កើត ដែលតែងតែប្រាថ្នាចង់បាននូវភាពរីកចម្រើនពេញលេញ សម្រាប់កូនក្មួយរបស់លោក ដែលជាកម្មករ-និយោជិតទាំងអស់ ព្រោះក្នុងរយៈជាង ៤០ឆ្នាំ កន្លងមកនេះ សម្តេចតេជោ បានដឹកនាំតាំងតែពីកាលប្រជាជន មានកម្រិតជីវភាពទាប រហូតមានការរីកចម្រើន និងបន្តរុងរឿងសម្បូរហូរហៀរ តទៅទៀត។

ដូច្នេះលោកស្នើបន្តមានមោទនភាពចំពោះ សម្តេចតេជោ ប្រមុខដឹកនាំគណបក្ស ដែលតែងមានសច្ចធម៌ ក្នុងការដឹកនាំ គាំទ្រ និងលើកកម្ពស់សិទ្ធិសេរីភាព និងភាពរុងរឿងរបស់ប្រជាជន និង ប្រទេសជាតិ។ ទន្ទឹមនឹងនេះ បន្តជួយការពារសមិទ្ធផលរបស់គណបក្ស ក៏ដូចជាការពារនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស តាមរយៈការចូលរួមទប់ស្កាត់នូវរាល់ការប្រតិដ្ឋព័ត៌មានក្លែងក្លាយ, មួលបង្កាច់, ញុះញុង, ពីសំណាក់ជនអគតិមួយចំនួន ដែលតែងតែចង់ឱ្យប្រទេសជាតិជួបភាពចលាចល ដើម្បីបម្រើនយោបាយចំណេញរបស់ពួកគេ៕

Leave A Reply

Your email address will not be published.