ស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាបចាប់ផ្ដើមតភ្ជាប់តួស្ពាន ហើយគ្រោងបញ្ចប់ទាំងស្រុងនៅដើមខែមេសា!
ពិធីតភ្ជាប់តួស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជាច្រើនរូបទៀត។
លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាបស្របនឹងស្ពានបាឡេ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ គិតត្រឹមថ្ងៃ១៦ ខែមករា នេះ ការដ្ឋានសាងសង់សម្រេចបាន៩៣% នៃគម្រោង ហើយគ្រោងបញ្ចប់ទាំងស្រុងនៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។
គួរបញ្ជាក់ថា ស្ពានបេតុងខ្សែកាប នេះមានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសងខាង , កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹង កម្រាលស្ពាន៣៤ម៉ែត្រ ។ សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន ៤, គន្លងខ្សែយានយន្ត ទទឹង៣.៧៥ម៉ែត្រ , គន្លងធ្វើចរាចរ២ខ្សែទៅ និង២ខ្សែ មក , កម្ពស់នាវាចរ ក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ , កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមា នៅ រដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺនិងដាក់ ស្លាកសញ្ញាចរាចរ ។
ស្ពាននេះសាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើរយៈពេលវេលា ២៨ខែ ក្រោយការស្ថាបនារួចស្ពានបេតុងខ្សែកាបនេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មី តភ្ជាប់ចរាចរក្នុងទីក្រុង ទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME នា២០២៣ខាងមុខនេះ។
គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបើក ការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែស្របជាមួយ ស្ពានបាឡេនេះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧កន្លងមក ហើយស្ពាននេះគ្រោងបញ្ចប់ទាំងស្រុងនៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ៕