ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់រុស្សុីកើនឡើងរហូតខណៈការរុករកនៅតែបន្ត!
ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់រុស្សុីកើនឡើងរហូតខណៈការរុករកនៅតែបន្ត!
ចំនួនអ្នកស្លាប់ពីការវាយប្រហារដោយមីស៊ីលដ៏សាហាវនៅទីក្រុង Dnipro បានកើនឡើងឥតឈប់ឈរ ខណៈដែលសាកសពកាន់តែច្រើនត្រូវបានទាញចេញពីកំទេចកំទីនៃការវាយប្រហារដ៏សាហាវបំផុតមួយចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីមកអ៊ុយក្រែនបានចាប់ផ្តើមកាលពី 11 ខែមកនេះ។
សេវាសង្គ្រោះបន្ទាន់របស់ប្រទេសអ៊ុយក្រែនបាននិយាយថា មនុស្ស 40 នាក់បានស្លាប់ក្នុងនោះរួមមានទាំងកុមារ 3 នាក់ ហើយមនុស្ស 34 នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
ទីក្រុង Kyiv បានថ្កោលទោសទីក្រុងមូស្គូចំពោះការវាយប្រហារនេះ ប៉ុន្តែវិមានក្រឹមឡាំងបាននិយាយថា កងកម្លាំងរុស្ស៊ីមិនទទួលខុសត្រូវ និងបានចង្អុលទៅទ្រឹស្តីដែលមិនអាចបញ្ជាក់បានដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានបង្កការខូចខាតខ្លួនឯង។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា”កងកម្លាំងប្រដាប់អាវុធរុស្ស៊ីមិនវាយប្រហារអគារលំនៅដ្ឋាន ឬហេដ្ឋារចនាសម្ព័ន្ធសង្គមទេ។ ពួកគេវាយប្រហារគោលដៅយោធា ដោយលើកឡើងថា ប្រព័ន្ធការពារដែនអាកាសរបស់ទីក្រុង Kyiv បានបរាជ័យក្នុងការបាញ់ទម្លាក់កាំជ្រួចរបស់រុស្ស៊ី រួចបានធ្លាក់ទៅលើអគារពលរដ្ឋរស់នៅ”។
ទោះជាយ៉ាងណា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា ប្រតិបត្តិការស្វែងរកនឹងបន្តដរាបណាចាំបាច់ ហើយបានថ្កោលទោសចំពោះ “ភាពកំសាក” របស់រុស្ស៊ីចំពោះការមិនទទួលខុសត្រូវការវាយប្រហារនេះ៕