ស្ត្រីប្រហែល ៥០នាក់ត្រូវបានចាប់ពង្រត់ដោយក្រុមប្រដាប់អាវុធនៅBurkina Faso!
ស្ត្រីប្រហែល ៥០នាក់ត្រូវបានចាប់ពង្រត់ដោយក្រុមប្រដាប់អាវុធនៅBurkina Faso!
រដ្ឋាភិបាលបាននិយាយថា ខ្មាន់កាំភ្លើងបានចាប់ពង្រត់ស្ត្រីប្រហែល ៥០ នាក់នៅក្នុងខេត្ត Soum ភាគខាងជើងនៃប្រទេស Burkina Faso កាលពីថ្ងៃទី ១២ និង ១៣ ខែមករា កន្លងមកនេះ។
បុរសមួយក្រុមប្រដាប់ដោយអាវុធ បានចាប់ស្ត្រីទាំងនោះ ខណៈដែលពួកគេកំពុងរើសផ្លែឈើព្រៃ នៅខាងក្រៅភូមិ Liki ចម្ងាយប្រហែល ១៥ គីឡូម៉ែត្រ (9.32 ម៉ាយ) ពីទីក្រុង Aribinda និងនៅក្នុងស្រុកមួយផ្សេងទៀតនៅភាគខាងលិចទីក្រុង។
អភិបាលតំបន់ Sahel លោកវរសេនីយ៍ទោ Rodolphe Sorgho បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា “ភ្លាមៗនៅពេលដែលការបាត់ខ្លួនរបស់ពួកគេត្រូវបានប្រកាស កិច្ចខិតខំប្រឹងប្រែងត្រូវបានចាប់ផ្តើមដើម្បីស្វែងរកជនរងគ្រោះស្លូតត្រង់ទាំងនោះ គ្រប់ច្រកល្ហក ទាំងផ្លូវគោក និងអាកាស”។
ទន្ទឹមនឹងនោះ ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បានអំពាវនាវឱ្យមានការដោះលែងអំពីស្ត្រីនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ។
លោក Turk បាននិយាយថា “ខ្ញុំអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនៃស្ត្រីដែលត្រូវបានចាប់ពង្រត់ទាំងអស់ និងឱ្យអាជ្ញាធរជាតិធ្វើការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព មិនលំអៀង និងឯករាជ្យភ្លាមៗ ដើម្បីកំណត់អត្តសញ្ញាណអ្នកទទួលខុសត្រូវ និងឃុំខ្លួនពួកគេ” ។
គួរជម្រាបថា Burkina Faso គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលក្រីក្របំផុតរបស់ពិភពលោក បាននិងកំពុងតស៊ូដើម្បីទប់ស្កាត់សកម្មភាពហឹង្សាដោយក្រុមប្រដាប់អាវុធដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និង ISIL (ISIS) ដែលរីករាលដាលពីប្រទេសជិតខាងម៉ាលីក្នុងឆ្នាំ ២០១៥ បើទោះបីជាកិច្ចខិតខំប្រឹងប្រែងយោធាអន្តរជាតិមានតម្លៃថ្លៃដើម្បីទប់ស្កាត់វាក៏ដោយ៕