បិទអាជីវកម្ម៥ក្រុមហ៊ុន និងស្រាវជ្រាវក្រុមហ៊ុន ៤ទៀតពាក់ព័ន្ធនឹងការជួញដូរមនុស្ស!
ភ្នំពេញ៖ ររដ្ឋាភិបាលកម្ពុជាបានបិទក្រុមហ៊ុនចំនួន៥ ព្រមទាំងផ្អាកអាជីវកម្មចំនួន ៤ក្រុមហ៊ុន ខណៈអាជ្ញាធរទទួលបានពាក្យបណ្តឹងចំនួន ៧០៧ករណីនៃការជួញដូរមនុស្ស ជួញដូរពលរកម្មមនុស្ស និងពលកម្មផ្លូវភេទ ដែលគិតត្រឹមខែមករា ឆ្នាំ២០២៣។ នេះបើបាយការណ៍ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង ក្នុងពិធីផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែ មករា ឆ្នាំ២០២៣ បានឱ្យដឹងថា ព័ត៌មាននិងពាក្យបណ្តឹងនានាដែលទទួលបាន ចំនួន ៧០៧ករណី បានស្រាវជ្រាវរកឃើញ ៤៤៥ករណី មានជនបរទេសចំនួន ១ ០៤៥នាក់ បានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសនានាចំនួន ១២០នាក់ មាន ៤សញ្ជាតិ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ហើយក្នុងចំណោមពាក្យបណ្តឹងដែលទទួលបាន អាជ្ញាធរកម្ពុជាបានបិទសំណុំរឿង ២២៩ករណី ដោយមូលហេតុរកមិនឃើញទីតាំង និងផ្តល់ព័ត៌មានមិនច្បាស់លាស់។
សម្ដេចក្រឡាហោមបានបន្ថែមថា ក្នុងពេលចុះធ្វើអធិការកិច្ច ក្នុងករណីរកឃើញតម្រុយសង្ស័យបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ឬបទល្មើសផ្សេងៗទៀត ក្រុមចម្រុះអធិការកិច្ច ត្រូវរាយការណ៍ជាបន្ទាន់មកគណៈបញ្ជាការឯកភាព រាជធានី-ខេត្ត និងគណៈកម្មការអន្តរក្រសួងដើម្បីចាត់វិធានការស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។
គួរឱ្យដឹងដែរថា អាជ្ញាធរកម្ពុជាបានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រកបដោយតម្លាភាព មានការចូលរួម និងគណនេយ្យភាព ដោយបើកចំហរឱ្យសាមីខ្លួន ក្រុមគ្រួសារ ឬអ្នកពាក់ព័ន្ធនានាដែលអះអាងថា បានរងគ្រោះដោយអំពើជួញដូរមនុស្ស ជួញដូរពលកម្ម ដើម្បីធ្វើការផ្តល់ព័ត៌មាន ឬប្តឹងតាមប្រព័ន្ធហ្វេសប៊ុកសម្ដេចផ្ទាល់ ឬតាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រព័ន្ធទំនាក់ទំនងនានា នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕