មនុស្សស្លាប់កើនដល់ ១៣នាក់នៅក្នុងហេតុការណ៍ដួលរលំអគារនៅទីក្រុងអាឡិបប៉ូ ប្រទេសស៊ីរី!
មនុស្សស្លាប់កើនដល់ ១៣នាក់នៅក្នុងហេតុការណ៍ដួលរលំអគារនៅទីក្រុងអាឡិបប៉ូ ប្រទេសស៊ីរី!
អាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា អគារមួយបានបាក់រលំកាលពីថ្ងៃអាទិត្យ នៅទីក្រុងអាឡិបប៉ូទីប្រទេសស៊ីរី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់ រួមមានកុមារផងដែរ ។
ក្រសួងមហាផ្ទៃសុីរីបាននិយាយថា អគារកម្ពស់ប្រាំជាន់ដែលមានប្រជាពលរដ្ឋចំនួនប្រាំពីរគ្រួសាររស់នៅ បានដួលរលំ។ ហើយមានមនុស្សតែម្នាក់ប៉ុណ្ណោះត្រូវបានគេជួយសង្គ្រោះពីគំនរបាក់បែកដោយបន្ថែមថាកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការស្វែងរកកំពុងបន្ត។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានផ្តល់ចំនួនអ្នកស្លាប់ដំបូងចំនួន ១០នាក់ មុនពេលដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃដែលកែសម្រួលវាឡើងដល់ ១៣នាក់ ហើយព្យាករណ៍ថាវាទំនងជាកើនឡើងជាងនេះ។
ទន្ទឹមនឹងនោះ ទីភ្នាក់ងារសារព័ត៌មានឃឺដ បាននិយាយថា កុមារ ៥ នាក់ ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ ពួកគេទាំងអស់គឺជាជនជាតិស៊ីរីដែលបានផ្លាស់ទីលំនៅក្នុងអំឡុងពេលជាងមួយទសវត្សរ៍នៃការប្រយុទ្ធគ្នានៅក្នុងប្រទេស។
ប្រភពប៉ូលីសដែលនិយាយមុននេះថា អគារដែលមានទីតាំងនៅសង្កាត់ Sheikh Maksoud នៃទីក្រុង Aleppo បានដួលរលំ “ដោយសារតែការលេចធ្លាយទឹក” នៅក្នុងគ្រឹះ។
គួរជម្រាបថា ភាគច្រើននៃទីក្រុងអាឡិបប៉ូត្រូវបានបំផ្លាញកំឡុងពេលជម្លោះជិត ១២ ឆ្នាំរបស់ប្រទេសស៊ីរី ជាមួយនឹងអគារជាច្រើនដែលនៅសេសសល់ត្រូវបានបន្សល់ទុកក្នុងសភាពទ្រុឌទ្រោម។ ហើយភាគច្រើននៃអ្នកដែលត្រូវបានផ្លាស់ទីលំនៅត្រូវរើទៅអគារដែលមិនមានរចនាសម្ព័ន្ធត្រឹមត្រូវ ដែលបណ្តាលឱ្យមានការដួលរលំជាញឹកញាប់។
កាលពីខែកញ្ញាឆ្នាំមុន ការដួលរលំអគារនៅក្នុងសង្កាត់ Ferdaws នៃទីក្រុង Aleppo បានសម្លាប់មនុស្ស ១០ នាក់ រួមមានកុមារ ៣ នាក់ផងដែរ។ ហើយនៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៩ ការដួលរលំមួយផ្សេងទៀតនៅក្នុងទីក្រុងបានសម្លាប់មនុស្ស ១១ នាក់ក្នុងនោះមានទាំងកុមារ ៤ នាក់៕