នាយឧត្តមសេនីយ៍ ឈុំ សុជាតិ ថា៖ ថ្មីៗនេះ មានជនខិលខូចបានក្លែងបន្លំប្រើប្រាស់ឈ្មោះ និងរូបថតរបស់នាយទាហានជាន់ខ្ពស់កម្ពុជាបោកប្រាស់ពលរដ្ឋ!

0

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ ថា៖ ថ្មីៗនេះ មានជនខិលខូចបានក្លែងបន្លំប្រើប្រាស់ឈ្មោះ និងរូបថតរបស់នាយទាហានជាន់ខ្ពស់កម្ពុជាបោកប្រាស់ពលរដ្ឋ!

 

ភ្នំពេញ៖ នាថ្មីៗនេះ មានជនខិលខូចមួយចំនួនបានបន្តក្លែងបន្លំប្រើប្រាស់ឈ្មោះ និងរូបថតរបស់នាយទាហានជាន់ខ្ពស់កម្ពុជា នៅតាមបណ្តាញសង្គម ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ និងទាយយកប្រយោជន៍ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ និងក្រសួងការពារជាតិ ក៏ដូចជាសាមីខ្លួន។ នេះជាការលើកឡើង របស់ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ។

 

លោកនាយឧត្តមសេនីយ៍ បានបន្តថា៖ ដើម្បីចៀសវាងនូវបញ្ហាដូចខាងលើនេះ ខ្ញុំសូមអំពាវនាវដល់នាយទាហានទាំងអស់ មេត្តាប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួន និងត្រូវមានវិធានការឆ្លើយតបប្រសិនបើរកឃើញថាជនខិលខូចដូចខាងលើ បានបន្លំប្រើប្រាស់ឈ្មោះ និងបណ្តាញសង្គមរបស់ខ្លួន ក៏ព្រោះតែកន្លងទៅ ករណីលួចបន្លំបែបនេះក៏បានឈានទៅដល់ការប្តឹងផ្តល់ដោះស្រាយតាមផ្លូវតុលាការ ដែលសាមីខ្លួនមិនបានដឹងផងដែរ។

 

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិ បានបញ្ជាក់ថា, ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមស្នើដល់អ្នកប្រើប្រាស់បណ្តាញសង្គម ក៏ដូចជាសារព័ត៌មានទាំងអស់ សូមព្យាយាមផ្ទៀងផ្ទាត់ សុំការបកស្រាយបញ្ជាក់ពីសាមីខ្លួន ឬអង្គភាពឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងចែកចាយ និងផ្សព្វផ្សាយនូវសារ ឬរឿងរ៉ាវផ្សេងៗ ដែលពាក់ព័ន្ធនឹងមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា ដោយសារតែការបន្លំប្រើប្រាស់បណ្តាញសង្គម ឈ្មោះ ឬរូបថតដោយជនខិលខូចនោះ។

 

សូមអ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកសារព័ត៌មានទាំងអស់ជ្រាបជាព័ត៌មាន។ ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកប្រើប្រាស់បណ្តាញសង្គម ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ ដែលចូលរួមសហការ៕

Leave A Reply

Your email address will not be published.