សម្តេចតេជោ៖ កម្ពុជាមិនអនុញ្ញាតឱ្យមានការញាំញី ដោយជម្លោះសាសនាលើទឹកដីរបស់ខ្លួននោះឡើយ!

0

សម្តេចតេជោ៖ កម្ពុជាមិនអនុញ្ញាតឱ្យមានការញាំញី ដោយជម្លោះសាសនាលើទឹកដីរបស់ខ្លួននោះឡើយ!

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីម្តង​ទៀតថា កម្ពុជា មិនអនុញ្ញាតឱ្យយកទឹកដីរបស់ខ្លួនធ្វើការញាំញី ដោយជម្លោះសាសនានោះទេ ហើយមួយវិញទៀតក៏មិនអនុញ្ញាតឲ្យមានការចាប់បង្ខំឲ្យទៅជឿលើសាសនានេះ ឬក៏តាមនិកាយនោះក៏មិនអាចទៅរួចដែរ ខណៈបច្ចុប្បន្ននេះ កម្ពុជាមានវត្តមានសាសនាច្រើន​តែប្រកប​ដោយភាពសាមគ្គីគ្នាក្រោមម្លប់សន្តិភាពតែមួយ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃសាសនាគ្រិស្តនៅកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវលទ្ធភាពគ្រប់​យ៉ាងឲ្យ​មនុស្សជឿលើសាសនា របស់ពួកគេរៀងៗខ្លួន ហើយរាជរដ្ឋាភិបាលប្រឆាំងដាច់ខាតចំពោះការ​រើសអើង​នានាចំពោះសាសនានៅលើទឹកដីកម្ពុជា។

ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងផងដែរថា សព្វថ្ងៃនេះប្រទេសកម្ពុជា​មាន​សាសនាជាច្រើន ប៉ុន្តែសាសនាដែលមានវត្តមាននៅលើទឹកដីកម្ពុជា​នាពេលនេះពុំដែល​មានជម្លោះ នឹងគ្នានោះទេ ផ្ទុយទៅវិញសាសនាទាំងនោះបានធ្វើការសាមគ្គីគ្នាប្រកបដោយសុខុដុមរមនា និងក្រោមម្លប់នៃសុខសន្តិភាពទៅវិញ។

សម្តេចតេជោ ក៏បានមានប្រសាសន៍ផងដែរថា ភាពខុសគ្នា នៃជំនឿសាសនា មិនមែនជាកត្តា​រាំងស្ទះ​ដល់ដំណើរការអភិវឌ្ឍប្រទេសឡើយ ខណៈមានសាសនាច្រើននៅ លើទឹកដីកម្ពុជានាពេល​នេះ​គឺបានចូលរួមសកម្មភាពមនុស្សធម៌ជាច្រើនដល់សង្គមជាតិខ្មែរទាំងមូល ជាពិសេសលើផ្នែក​អប់រំតែម្តង។

យ៉ាងណាក៏ដោយសម្តេចតេជោ ក៏បានអំពាវនាវដល់បរិស័ទនៃ សាសនាទាំងអស់បន្តរួមគ្នា​បន្ថែមទៀត​ក្នុងការថែរក្សានូវសុខសន្តិភាពនៅកម្ពុជា ដែលកំពុងមានសព្វថ្ងៃ ហើយប្រសិនបើមិន​មាន​សុខសន្តិភាពដូចពេលនេះទេ គឺមិនមានឱកាសនៃការជួបជុំគ្នាបាននោះឡើយ។ ជាក់ស្តែងពិធីអបអរសាទរខួប១០០ឆ្នាំ នៃសាសនាគ្រិស្តមកពីគ្រប់រាជធានី-ខេត្តទាំងអស់​នាពេល​នេះ គឺបញ្ជាក់អំពីការរីកចំរើននៃជំនឿសាសនា ខណៈពិធីជួបជុំនេះគឺស្ថិតនៅក្រោមម្លប់សន្តិភាព៕

Leave A Reply

Your email address will not be published.