ទាហានអ៊ីស្រាអែល បាញ់សម្លាប់ជនជាតិប៉ាឡេស្ទីន ១០នាក់ស្លាប់ ក្នុងការវាយឆ្មក់នៅ West Bank!
ក្រុមមន្ត្រីនៅក្នុងដែនដីគ្រប់គ្រងដោយអ៊ីស្រាអែលនិយាយថា កងកម្លាំងអ៊ីស្រាអែលនៅក្នុងតំបន់ West Bank បានសម្លាប់ជនជាតិប៉ាឡេស្ទីន ១០នាក់កាលពីថ្ងៃព្រហស្បតិ៍ ៩នាក់ក្នុងចំណោមពួកគេស្លាប់នៅក្នុងការវាយឆ្មក់របស់យោធាអ៊ីស្រាអែល ដែលត្រូវបានហៅថាជាប្រតិបត្តិការប្រឆាំងភេរវកម្ម។
ថ្ងៃដ៏បង្ហូរឈាមបំផុតមិនធ្លាប់មានក្នុងពេលជាច្រើនឆ្នាំនៅក្នុងតំបន់ West Bank បានផ្ទុះឡើងនៅជំរំជនភៀសខ្លួន ដែលប្រមូលផ្ដុំដោយមនុស្សច្រើនកុះករនៅភាគខាងជើងនៃទីក្រុងជេនីស (Jenin) ជាទីដែលមានការបាញ់រះពេញដងផ្លូវ និងផ្សែងហុយចេញពីរនាំងបាំងផ្លូវដែលកំពុងឆេះ។
អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានដាក់ចំនួនអ្នកស្លាប់ ពីការប៉ះទង្គិចគ្នាត្រឹម ៩នាក់រួមទាំងស្ត្រីម្នាក់ ដោយបន្ថែមថា មនុស្ស ២០នាក់បានរងរបួស មុនកងកម្លាំងអ៊ីស្រាអែលបានចាកចេញនៅពេលព្រឹក។ យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានរងការបាញ់ប្រហារអំឡុងប្រតិបត្តិការប្រឆាំងភេរវកម្ម ដើម្បីតាមចាប់ខ្លួនក្រុមភេរវករអ៊ីស្លាមជីហាដ និងបានបាញ់រះលើក្រុមអ្នកប្រយុទ្ធមួយចំនួនដែលជាសត្រូវរបស់ខ្លួន។
ចាប់តាំងពីការកត់ត្រារបស់ខ្លួនបានចាប់ផ្ដើមកាលពីឆ្នាំ២០០៥ មក អង្គការសហប្រជាជាតិពុំដែលបានកត់ត្រាទេ ដូចជាចំនួនអ្នកស្លាប់ខ្ពស់នៅក្នុងប្រតិបត្តិការតែមួយបែបនេះនៅតំបន់ West Bank។
អ្នកនាំពាក្យរបស់មេដឹកនាំប៉ាឡេស្ទីនលោក Mahmoud Abbas បាននិយាយថា អាជ្ញាធរប៉ាឡេស្ទីននិយាយថា ខ្លួនបានបញ្ចប់ការសម្របសម្រួលផ្នែកសន្តិសុខជាមួយអ៊ីស្រាអែលនៅក្នុងតំបន់ West Bank ហើយ ក្រោយការវាយឆ្មក់ដោយយោធាដ៏ធ្ងន់ធ្ងរកាលពីថ្ងៃព្រហស្បតិ៍៕