អគ្គិភ័យឆេះក្លឹបកំសាន្តមួយកន្លែង នៅក្រុងព្រះសីហនុ មានមនុស្ស២នាក់បានស្លាប់!
(ព្រះសីហនុ)៖ អគ្គិភ័យមួយបានឡើងបណ្តាលឪ្យឆេះក្លឹបកំសាន្តមួយកន្លែង ម្តុំឧតុនិយម ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ និងមានមនុស្ស២នាក់បានស្លាប់ ។
ហេតុការណ៍នេះ កើតឡើងវេលាម៉ោងជិត៨យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ក្នុងក្លិបកំសាន្តមួយកន្លែងឈ្មោះ Julie & Anna Tokyo នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ នគរបាលខេត្តព្រះសីហនុ ប្រាប់ឲ្យបណ្តាញព័ត៌មានក្នុងស្រុកឲ្យ ដឹងថា អគ្គិភ័យនេះបណ្តាលមកពីជាងផ្សារដែកនៅក្នុងក្លិប ពេលផ្សារដែក ក៏ឆាបឆេះជាអគ្គិភយ័តែម្តង។ ទោះ ជាយ៉ាងនេះក្តី ករណីនេះត្រូវបានកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បានចុះទៅអន្តរាគមន៍ភ្លាមៗ ដើម្បីបាញ់ទឹកពន្លត់ការពារមិនឲ្យរាលដាលបន្ត។
បើតាមមន្ត្រីនគរបាលក្រុងបញ្ជាក់បន្ថែមថា ជាដំបូងសមត្ថកិច្ចបានជួយសង្គ្រោះជាងផ្សារដែក និងមេការម្នាក់ នៅកន្លែងកើតហេតុ ហើយបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែដោយបញ្ហារបួសធ្ងន់ជនរងគ្រោះក៏បានស្លាប់ទាំង ២នាក់នៅមន្ទីរពេទ្យ។
ជនរងគ្រោះរបួស ចំនួន ៣នាក់, ស្លាប់ចំនួន ២នាក់ មានឈ្មោះដូចខាងក្រោម÷
១- សពឈ្មោះ ហ៊ន ស្រីវ៉េត ភេទស្រី អាយុ ១៨ឆ្នាំ មានស្រុកកំណេីត ក្រុងព្រះសីហនុ, មានទីលំនៅបច្ចុប្បន្ន ភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។
២-សពឈ្មោះ ភន មករា ភេទប្រុស អាយុ ២២ ឆ្នាំ
មានស្រុកកំណេីតភូមិសំរោងខាងកេីយ ឃុំគោកព្រិច ស្រុកគីវង់ ខេត្តតាកែវ, បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
៣-ជនរងគ្រោះឈ្មោះ ណន រតនះ ភេទប្រុស អាយុ២០ឆ្នាំ ស្រុកកំណេីត ឃុំទូកមាសខាងកេីត ស្រុកបន្ទាយមាស ខេត្តកំពត, បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ របួសមធ្យម កំពុងសង្រោះនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ (ពេទ្យចំការចេក)។
៤-ជនរងគ្រោះឈ្មោះ ប្រាក់ សារ៉ូ ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរបុគ្គលិក មានទីលំនៅក្រុម១ ភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ (រងរបួសស្រាល)។
៥-ឈ្មោះ វង្ស សារុំ ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ បុគ្គលិកក្លិប មានទីលំនៅសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ (រងរបួសស្រាល)។
ម្ចាស់ក្លិបឈ្មោះ ហុង សេង ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ។ ខូចខាត ក្លិប និងសម្ភារៈក្នុងក្លិបត្រូវបានឆេះ ទាំងស្រុង។ មូលហេតុ នៃការឆេះ ដោយសារជាងធ្វើវាំននផ្សារដែក ធ្លាក់កំទេចធូបផ្សាដែរលើអេប៉ុង។
ករណីខាងលើបានចេញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានខេត្តព្រះសីហនុចំនួន ២គ្រឿង ប្រើបាស់ទឹកអស់ ២រថយន្ត៕