ចិនថា៖ បើអាមេរិកពិតជាចង់ជួយប្រជាជនអ៊ុយក្រែនមែននោះ គួរតែឈប់​ផ្ដល់អាវុធទៅទីក្រុងកៀវ!

0

ចិនថា៖ បើអាមេរិកពិតជាចង់ជួយប្រជាជនអ៊ុយក្រែនមែននោះ គួរតែឈប់​ផ្ដល់អាវុធទៅទីក្រុងកៀវ!

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកគឺជាអ្នកផ្តួចផ្តើមដ៏ធំបំផុតនៃវិបត្តិនៅអ៊ុយក្រែន ហើយប្រសិនបើទីក្រុងវ៉ាស៊ីនតោនពិតជាយកចិត្តទុកដាក់ ក៏ដូចជាព្រួយបារម្ភ និងស្រឡាញ់ប្រជាជនអ៊ុយក្រែនមែននោះ គួរតែបញ្ឈប់ការផ្គត់ផ្គង់អាវុធឲ្យទីក្រុងកៀវទៀតទៅ ។

លោកស្រី Mao បានប្រាប់អ្នកយកព័ត៌មានថា “សហរដ្ឋអាមេរិក គឺជាអ្នកផ្តួចផ្តើមគំនិត និងជាកម្លាំងចលករដ៏សំខាន់នៃវិបត្តិអ៊ុយក្រែន ព្រោះតែការបន្តផ្គត់ផ្គង់អាវុធធុនធ្ងន់ដល់អ៊ុយក្រែន ទើបធ្វើឲ្យជម្លោះអូសបន្លាយមកដល់ពេលនេះ។

លោកស្រី Mao លើកឡើងទៀតថា “ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តសកម្មភាពបែបនេះ វានឹងធ្វើឲ្យវិបត្តិនៅអ៊ុយក្រែនកាន់តែតានតឹង ហើយទីក្រុងវ៉ាស៊ីនតោនគួរតែបញ្ឈប់ការបញ្ជូនអាវុធទៅទីនោះ និងកេងចំណេញពីសង្គ្រាមមួយនេះទៀតទៅ” ។

ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះកើតឡើង បន្ទាប់ពីកាលពីសប្ដាហ៍មុនប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសនឹងបញ្ជូនរថក្រោះប្រយុទ្ធ M1 Abrams ចំនួន ៣១ គ្រឿងទៅកាន់អ៊ុយក្រែន ដើម្បីទប់ទល់នឹងប្រតិបត្តិការសឹករបស់រុស្ស៊ី ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយសន្តិសុខដល់អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ ២៧.១ ពាន់លានដុល្លារហើយ ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ី ដែលនឹងឈានដល់ខួប ១ ឆ្នាំនៅក្នុងខែកុម្ភៈនេះ ៕

Leave A Reply

Your email address will not be published.