ស្នងការស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បំភ្លឺចំពោះការចុះផ្សាយព័ត៌មានមិនពិត របស់គេហទំព័រសារព័ត៌មានមួយចំនួនក្នុងចេតនាច្រណែននិងបង្ខូច កិត្តិយសមន្ត្រីនគរបាលជាតិ!
ខេត្តកំពង់ចាម ៖ សេចក្ដីបំភ្លឺព័ត៌មានរបស់ស្នងការស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំពោះការចុះផ្សាយព័ត៌មានមិនពិត របស់គេហទំព័រសារព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងមន្រ្តីនគរបាលមួយរូប នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
ពាក់ព័ន្ធនឹងករណីនេះដែរ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមនោះ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចាត់ឲ្យជំនាញធ្វេីការស្រាវជ្រាវ ដោយទទួលបានលទ្ធផលដូចខាងក្រោម÷
១-តាមការបំភ្លឺពីសាមុីខ្លួនដោយមានឈ្មោះ ជា ម៉ាប់ ឋាន:ជា នាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលបច្ចុប្បន្នលោកត្រូវបាន អង្គភាពចាត់បញ្ចូនឱ្យទៅចូលរៀនវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិរ២ ជំនាន់ទី៣ រយៈពេល០៣ខែ នៅសាលាបណ្ឌិត្យភានគរបាលកម្ពុជា ចាប់តាំងពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ។ លោក ជា ម៉ាប់ បានបញ្ជាក់យ៉ាងច្បាស់ជូនអំពីការដែលខ្លួន បានចូលរួមក្នុងនាមជាជំនួយការ ការសរសេរលេខ និងអក្សរ ព្រោះលក្ខខណ្ឌក្នុងដេញថ្លៃមានឈ្មោះក្រុមហ៊ុនមួយ និងជំនួយការម្នាក់ ដេីម្បីជួយពិនិត្យលេខ និងអក្សរ និងក្នុងរូបភាពដែលសារព័ត៌មានបានបង្ហោះនោះ គឺនៅក្នុងអំឡុងកាលពីខែវិច្ឆកា ឆ្នាំ២០២២កន្លងទៅ ហេីយចំពោះរូបភាពដែលពាក់ព័ន្ធនឹងលោកពាក់សម្លៀកបំពាក់ជាឈុតបេសកកម្ម គឺនៅក្នុងម៉ោងដែលលោកត្រូវទទួលវេណប្រចាំបញ្ជា នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមតែប៉ុណ្ណោះ ដោយមិនបានស្លៀកឯកសណ្ឋានជាកងកម្លាំងទៅប្រកបការងារក្រៅអង្គភាពនោះឡេីយ ។ ហេីយចំពោះចេតនា នៃការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន ក្នុងន័យចោទប្រកាន់រូបលោក (ជា ម៉ាប់) ដោយចោទថាយកពេលវេលាបម្រេីក្នុងអង្គភាព ទៅប្រកបអាជីវកម្មខាងក្រៅ គឺជាការបំភ្លើសខុសពីការពិត ព្រោះអាជីវកម្មនោះជាអាជីកម្មរបស់ក្រុមគ្រួសាររបស់លោក ជា ម៉ាប់ ដែលជាមុខរបរបន្ទាប់បន្សំ ដេីម្បីដោះស្រាយជីវភាពគ្រួសារ ហេីយចំណែកលោក ជា ម៉ាប់ គឺនៅបំពេញការងារក្នុងអង្គភាពគ្រប់ម៉ោងរដ្ឋបាល ឬក្នុងបេសកកម្ម មិនដែលល្មេីសនឹងវិន័យកងកម្លាំង ឬឈប់សម្រាកដោយគ្មានការអនុញ្ញាតច្បាប់ត្រឹមត្រូវពីប្រធានអង្គភាពសាមុីនោះទេ ។
២-ផ្អែកតាមការបំភ្លឺពីប្រធានអង្គភាព នៃការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ចំពោះលោក ជា ម៉ាប់ កន្លងមកនេះបានបម្រើការងារជូនអង្គភាព និងថ្នាក់ដឹកនាំយ៉ាងសកម្ម ដោយគោរពពេលវេលាបានភ្ជាប់ភ្ជួន មានសាមគ្គីភាពផ្ទៃក្នុងល្អ អាកប្បកិរិយា និងឥរិយាបថការងារសមរម្យ និងមិនដែលល្មេីសនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិម្ដងណាឡេីយ ។
សូមបញ្ជាក់ផងដែរថា ចំពោះការប្រកបអាជីវកម្ម ឬមុខរបបស្របច្បាប់ របស់ក្រុមគ្រួសារដែលជាមន្រ្តីនគរបាលជាតិ គឺមិនខុសនឹងវិន័យកងកម្លាំងនោះទេ ។
បេីយោងតាមប្រភព នៃការចុះផ្សាយរបស់គេហទំព័រអ្នកសារព័ត៌មានមួយចំនួននោះ គឺគ្មានប្រភពច្បាស់លាស់ ឬក្នុងចេតនាបង្អាប់បង្អោនដល់កត្តិយសបុគ្គលជាមន្រ្តីនគរបាលជាតិ និងកិត្តិយសរបស់អង្គភាព ផងដែរ ។
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមធ្វេីការបដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិត និងស្នេីសុំឱ្យម្ជាស់គេហទំព័រ ធ្វេីការកែសម្រួលអត្ថបទខ្លួន ចៀសវាងមានយល់ច្រឡំពីសំណាក់សាធារណជនដ៏ទៃផ្សេងទៀត ៕